ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ

 ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ

iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ Apple ដែលនឹងត្រូវឡើងថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ខាងមុខ។ ស្របពេលនេះដែរ នៅក្នុងថ្ងៃនេះ លក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ត្រូវបានលេចឡើងមកតាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Kang តែម្តង។ ផ្អែកទៅតាមអះអាងរបស់ប្រភពខាងលើ បាននិយាយថា iPhone 12 Series នឹងប្រើប្រាស់បន្ទះបង្ហាញ Super Retina XDR Display ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 15W ផងដែរ។


iPhone 12 Series អាចនឹងត្រូវចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone 12 mini ទំហំ 5.4 អ៊ីញ, iPhone 12 ទំហំ 6.1 អ៊ីញ, iPhone 12 Pro ទំហំ 6.1 អ៊ីញ និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញ។ iPhone 12 mini និង iPhone 12 អាចនឹងបំពាក់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ខណៈដែល iPhone 12 Pro និង 12 Pro Max អាចនឹងបំពាក់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ គួបផ្សំជាមួយសេនស័រ LiDAR ចំនួន 1 គ្រាប់ បន្ថែមទៀតផងដែរ។ កាមេរ៉ាក្រោយរបស់ iPhone 12 Pro អាចនឹងមានសមត្ថភាពពង្រីក Optical Zoom បាន 4 ដង ខណៈដែល កាមេរ៉ាក្រោយរបស់ iPhone 12 Pro Max អាចនឹងមានសមត្ថភាពពង្រីក Optical Zoom បាន 5 ដង។ លើសពីនេះ ពួកវាក៏អាចនឹងមានសមត្ថភាពថតវីដេអូជាមួយបច្ចេកវិទ្យា Dolby Vision HDR ថែមទៀតផង។


iPhone 12 mini និង iPhone 12 អាចនឹងកើតមកជាមួយជម្រើសពណ៌សរុបចំនួន 5 ដោយក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ, ស, ក្រហម, ខៀវ និងពណ៌បៃតង ក៏ដូចជាជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB។ ខណៈដែល iPhone 12 Pro និង 12 Pro Max អាចនឹងកើតមកជាមកជាមួយជម្រើសពណ៌សរុបចំនួន 4 ដោយក្នុងនោះរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ខ្មៅ និងពណ៌ខៀវ ក៏ដូចជាជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។ សម្រាប់កាលបរិច្ឆេទដាក់លក់ជាផ្លូវការវិញ iPhone 12 (799 ដុល្លារ) និង iPhone 12 Pro (999 ដុល្លារ) អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 23 ខែតុលា ខណៈដែល iPhone 12 mini (699 ដុល្លារ) អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 13 ខែវិច្ឆិកា។ សម្រាប់ iPhone 12 Pro Max (1,099 ដុល្លារ) វិញ អាចនឹងត្រូវដាក់លក់នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះ៕

Related post