ព្រះនាង​តូច នរោត្តម ជេនណា មានក្តីរំភើបរីករាយខ្លាំងបំផុត ក្រោយពេលចូលរួមកម្មវិធីដ៏ពិសេសមួយនៃការចែកអំណោយដល់បងប្អូនជនពិការ

 ព្រះនាង​តូច នរោត្តម ជេនណា មានក្តីរំភើបរីករាយខ្លាំងបំផុត ក្រោយពេលចូលរួមកម្មវិធីដ៏ពិសេសមួយនៃការចែកអំណោយដល់បងប្អូនជនពិការ

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរបស់ព្រះនាង​តូច នរោត្តម ជេនណា នៅលើបណ្តាញសង្គមបានរៀបរាប់ឲ្យដឹងថា ៖ ​ជាលើកទី១ហើយសម្រាប់ខ្ញុំ ដែលបានចូលរួមកម្មវិធីដ៏ពិសេសមួយនៃការចែកអំណោយដល់បងៗពូមាមីងជនពិការនៃសមាគមតន្រ្តីសំនៀងជនពិការកម្ពុជា កាលពីព្រឹកថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយ អង្គការមូលនិធិសប្បុរសធម៌ឆឺជី សហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដោយមានវត្ថមានប្រធានអង្គការមូលនិធិសប្បុរសធម៌ឆឺជី , លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ជាគណអធិបតីចូលរួមក្នុងកម្មវិធី។

ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ក្នុងភាតរភាពយ៉ាងជិតស្និទ្ធបំផុតដោយខ្ញុំមានកិត្តិយសដែលអង្គការឆឺជីបានអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីនេះ ហើយបានមកជួប និងចូលរួមចែកអំណោយដល់បងៗពូមាមីងជនពិការភ្នែកចំនួន៤៨៥នាក់ ដែលកំពុងរងផលប៉ះពាល់ដល់ជីវភាពដោយសារជំងឺរាតត្បាត កូវីត ១៩។ ក្រោយពីការជជែកសំណេះសំណាលរួចមក ខ្ញុំបានយល់កាន់តែច្បាស់អំពីទុក្ខលំបាកជាច្រើនរបស់បងៗពូមាមីងជនពិការ ខ្ញុំមានសេចក្តីក្តុកក្តួលក្នុងចិត្តណាស់ ហើយក៏សូមកោតសរសើរដោយស្មោះអស់ពីបេះដូងនូវវីរភាពតស៊ូក្នុងឆាកជីវិតរបស់បងៗពូមាមីងដែលមកទទួលអំណោយនៅទីនេះ ក៏ដូចជាបងៗជនពិការនៅទូទាំងប្រទេស ដែលខិតខំតស៊ូក្នុងជីវិតដោយលំបាកបំផុតទាំងខ្លួនពិការ ដោយរងពិការភាពពីកំណើត រឺពិការភាពក្នុងបុព្វេហេតុណាមួយក៏ដោយក៏នៅតែខិតខំរស់ ខិតខំរៀនសូត្រ និងចាប់យកជំនាញលើសិល្បៈ ផ្នែកចម្រៀង តន្រ្តីបុរាណសម័យ ក៏ដូចជាជំនាញម៉ាស្សាផងដែរ ដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។

នៅក្នុងពេលនោះ ខ្ញុំក៏បានច្រៀងចម្រៀងបីបទជាមួយបងៗពូមាមីងជនពិការភ្នែកនៅក្នុងកម្មវិធីនោះផងដែរគឺដើម្បីលើកទឹកចិត្ត និងផ្តល់ភាពស្និទ្ធស្នាលយ៉ាងកក់ក្តៅក្នុងនាមជាខ្មែរដូចគ្នា។ ខ្ញុំសូមជូនពរ បងៗពូមាមីងជនពិការទាំងអស់ អោយមានសុខភាពល្អ មានសេចក្តីសុខ ជួបតែមនុស្សល្អៗ គ្រួសារមានសុភមង្គលជាដរាប ហើយខ្ញុំក៏សំណូមពរដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមជួយពួកគាត់ជាកម្លាំងចិត្តក្តី កម្លាំងថវិកាក្តី ហើយក៏សូមមេត្តាកុំរើសអើងពួកគាត់ផងដែរ៕

ម៉េង ហៀង

https://www.khmer-media.com

Related post